Selasa, 13 Juli 2010

ចូលរួម​ សម្ដែង និង​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី


ខ្ញុំ​មាន​ចិត្ត​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ដោយ​រយៈពេល​៣ឆ្នាំ​កន្លង​មក​ នេះ​មាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន ជា​ពិសេស​ប្រិយមិត្ត​ដែល​គាំទ្រ​រូប​ខ្ញុំ​ផ្ទាល់ ។ ខ្ញុំ​សង្ឃឹម​ក្នុង​ចិត្ត​ថា​ទាំង​ការ​សម្ដែង ទាំង​ការងារ​ជា​ពិធីករ​របស់​ខ្ញុំ បង​ប្អូន​ប្រិយមិត្ត​ទាំងអស់​អាច​ទទួល​យក​បាន ហើយ​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​ទៀត​ដើម្បី​ឲ្យ​សិល្បៈ​នៅ​ក្នុង​ ប្រទេស​កម្ពុជា​របស់​យើង​រីកចម្រើន​និង​មាន​ឈ្មោះ​ល្បី​នៅ​លើ​សកលលោក​ដើម្បី ​ឲ្យ​សម​នឹង​ពាក្យ​ស្លោក​របស់​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ជា​ព្រះរាជាណាចក្រ ​អច្ឆរិយៈ ។ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ដើម្បី​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំខាល ២០១០ ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​សម្ដែង​និង​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​ ។ នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​សម្រាប់​ឆាក​ជីវិត​របស់ខ្ញុំ​ដែល​មាន​ឱកាស​ពិសេស​ ដ៏​កម្រ​នេះ​ពីព្រោះ​តាំង​ពី​តូច​មក​ខ្ញុំ​មិន​ដែល​នឹកស្មាន​ថា​បាន​ទៅ​ក្រៅ ​ប្រទេស​នោះ​ទេ គ្រាន់តែ​ធ្លាប់​ស្រម៉ៃ​ថា​ប្រទេស​ដែល​ខ្ញុំ​ចង់​ទៅ​ជាងគេ​គឺ​ប្រទេស​ អូស្ត្រាលី និយាយ​ឲ្យ​ចំ​គឺ​ចង់​ឃើញ​សត្វ​កង់​គូរូ ដែល​ជា​សត្វ​តំណាង​ប្រទេស​អូស្ត្រាលី​ផ្ទាល់​តែ​ម្ដង ។ លើក​ទី១​សម្រាប់​ជីវិត​សិល្បៈ​របស់​ខ្ញុំ​នៅ​ប្រទេស​អូស្ត្រាលី​ខ្ញុំ​នឹង​ ខិតខំ​ទោះបី​ជា​ខ្ញុំ​មិនសូវ​ចេះ​ច្រៀង ឬ​ក៏​ច្រៀង​មិនសូវ​ពីរោះ​យ៉ាងណា​ក៏ដោយ ក៏​ខ្ញុំ​ព្យាយាម​ហាត់​ច្រៀង និង​ត្រៀម​បទ​ចម្រៀង​ជា​ចង្វាក់​រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ម៉ាឌីហ្សូន Cha Cha Cha ដែល​សុទ្ធសឹង​តែ​ជា​ចង្វាក់​ភ្លេង​ប្រជាប្រិយ​ខ្មែរ ។ ក្នុង​ឱកាស​នេះ​ខ្ញុំ​សង្ឃឹម​ថា​ពុកម៉ែ​បង​ប្អូន​ទាំងអស់​ដែល​រស់នៅ​ប្រទេស​ អូស្ដ្រាលី​នឹង​បាន​ចូលរួម​សប្បាយរីករាយ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ ទាំងអស់​គ្នា​ជាមួយ​ខ្ញុំបាទ និង​កញ្ញា ហ៊ិន ច័ន្ទ​នីរ័ត្ន និង​តារា​របស់​ផលិតកម្ម​ហង្ស មាស ២​ដួង​ទៀត គឺ កញ្ញា ឈិត សុវណ្ណ​បញ្ញា និង​លោក រិន សាវ៉េត ។ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​សិល្បករ សិល្ប​ការិនី នឹង​ខិតខំ​សម្ដែង ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្ដល់​បរិយាកាស​រីករាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​របស់​ខ្មែរ ។





Tidak ada komentar:

Posting Komentar